ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ផ្ញើសារជូនលោក ហ៊ុន សែន ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង ១១៨រូប មិនត្រូវការសិទ្ធិធ្វើនយោបាយពីរបបលោក ហ៊ុន សែន ទេ ដរាបណាលោក កឹម សុខា មិនទាន់ទទួលសេរីភាពពេញលេញ។ ការលើកនេះ ស្របពេលសភាឯកបក្ស នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១៣ ខែធ្នូ ដើម្បីអនុម័តសេចក្តីស្នើសុំច្បាប់ បើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្សប្រឆាំងមានសិទ្ធិ ធ្វើនយោបាយឡើងវិញ។ អ្នកវិភាគយល់ថា ថ្នាក់ដឹកនាំគណបក្សសង្រោះជាតិ អាចនឹងប្រេះឆាគ្នា បើមិនត្រៀមវិធីទប់ទល់ល្បិចកលនយោបាយ ដែលរបបក្រុងភ្នំពេញ កំពុងរៀបចំផ្តល់សិទ្ធិធ្វើនយោបាយដល់ថ្នាក់ដឹកនាំមួយចំនួនទុកមួយចំនួន។
លោក សម រង្ស៊ី បានផ្ញើរតាមហ្វេសប៊ុករបស់លោក ជូនមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នៅថ្ងៃទី១១ ខែធ្នូថា មិនចាំបាច់គិតគូរអំពីមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨រូបនោះទេ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូបនេះបន្តថា ក្នុងនាមមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨រូប ដែលតុលាការកំពូល បានដកហូតសិទ្ធិធ្វើសកម្មភាពនយោបាយ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មក អ្នកទាំង ១១៨រូប មិនត្រូវការឲ្យរបបលោក ហ៊ុន សែន ផ្តល់សិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញទេ បើដរាបណារបបក្រុងភ្នំពេញ មិនផ្តល់សេរីភាពពេញលេញ និងមិនទម្លាក់ចោល រាល់ការចោទប្រកាន់លើលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិនោះទេ។
លោកបញ្ជាក់ថា លោកស្គាល់ច្បាស់មន្ត្រីទាំង ១១៨រូបនោះ ពីព្រោះអ្នកទាំងនោះ បានទទួលតំណែងរបស់ខ្លួន នៅពេលដែលលោកកាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិ។
ការលើកឡើងរបស់លោក សម រង្ស៊ី នេះ ស្របពេលដែលរបបក្រុងភ្នំពេញ បានស្នើសុំយ៉ាងប្រញ៉ាប់ ទៅរដ្ឋសភា ដើម្បីសុំធ្វើវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន១) ស្តីពីច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង ១១៨រូបអាចធ្វើនយោបាយឡើងវិញ។
ប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាឯកបក្ស លោក ឈាង វុន មានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី១១ ខែធ្នូ គឺរដ្ឋសភា បានសម្រេចបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១៣ ខែធ្នូ ខាងមុខនេះ ដើម្បីបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ក្នុងបំណងបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួន ដែលមិនបានធ្វើសកម្មភាពជ្រោងច្រាង ឬមិនបាន ធ្វើសកម្មភាពផ្ទុយពីសាលដីកាតុលាការកំពូល អាចមានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ។
លោកបន្ថែមថា ក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្ត្រៃយ៍ ក៏មានបំណងបង្កើនទោសទណ្ឌកាន់តែធ្ងន់ ចំពោះអ្នកនយោបាយណា ដែលមិនគោរពតាមសាលដីកាថែមទៀតផង៖ «»។
លោក ឈាន វុន ឆ្លើយតបបន្ថែមថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺមិនបានយល់ដឹងអំពីគោលការណ៍ច្បាប់នោះទេ ហើយគណបក្សកាន់អំណាច ក៏មិនបានបំបែកបំបាក់គណបក្សសង្គ្រោះជាតិដែរ គឺគណបក្សនេះ បែកបាក់ដោយខ្លួនឯង។
លោកបញ្ជាក់ថា លោក កឹម សុខា មិនអាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញទេ ព្រោះពេលនេះ លោកកំពុងជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ ហើយគណបក្សសង្គ្រោះជាតិ ក៏មិនអាចផ្តល់នីតិសម្បទាឲ្យរស់ឡើងវិញដែរ ព្រោះគណបក្សនេះ បានរលាយទៅជាផេះជាយូរហើយ៖ «»។
ខ្លឹមសារនៃច្បាប់ស្តីពីគណបក្សនយោបាយនោះ មានបន្ថែមនូវវាក្យខណ្ឌមួយថ្មីក្នុងមាត្រា ៤៥ថ្មី (ស្ទួន១) ដូចតទៅនេះ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
មន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញ បានលើកឡើងកាលពីពេលថ្មីៗ នេះថា ថ្វីបើច្បាប់នេះ មានបំណងចង់ឲ្យមន្ត្រីបក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយវិញក៏ដោយ ក៏ពុំមែនមានន័យថា មន្ត្រីទាំង ១១៨នាក់នោះ មានសិទ្ធិវិលមកធ្វើនយោបាយវិញទាំងអស់គ្នាទេ គឺមានតែមន្ត្រីណាដែលរបបក្រុងភ្នំពេញចាត់ទុកថា ជាមនុស្សមិនបានបំផ្លិចបំផ្លាញជាតិតែប៉ុណ្ណោះ ។
អ្នកវិភាគនយោបាយឯករាជ្យ បណ្ឌិត មាស នី មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ហាក់ដូចជាញឹកញ៉ាប់ពេក ដែលធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនរិះគន់ថា ប្រទេសមួយនេះ ដូចជាឡប់ឡែ ហើយពេលខ្លះអាចធ្វើឲ្យគេមើលស្រាលរបបដឹកនាំសព្វថ្ងៃថែមទៀតផង៖ «»
បណ្ឌិត មាស នី បន្ថែមថាលោក កឹម សុខា ប្រហែលមិនទាន់ត្រូវបានគេដោះលែងឲ្យមានសេរីភាពពេញលេញភ្លាមៗ នោះទេ ព្រោះរឿងរ៉ាវកន្លងមកបង្ហាញថា គណបក្សកាន់អំណាចព្យាយាមកាត់ផ្តាច់ទំនាក់ទំនងរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ដើម្បីកុំឲ្យអ្នកទាំងពីរមានឱកាសជជែក អំពីផែនការផ្សេងៗ សម្រាប់គណបក្សសង្គ្រោះជាតិ។ លោកបន្ថែមថា ក្នុងកាលៈទេសៈប្រសិនបើរបបក្រុងភ្នំពេញ ផ្តល់សេរីភាពដល់អ្នកនយោបាយប្រឆាំងខ្លះហើយទុកខ្លះនោះ គឺជាបច្ច័យមួយ ដែលនាំឲ្យគណបក្សសង្គ្រោះជាតិបែកបាក់គ្នាដោយសារតែការយល់ឃើញខុសគ្នា ការចោទប្រកាន់គ្នាទៅវិញមក៖ «»
លោក សម រង្ស៊ី ក៏បានថ្លែងក្នុងវេទិកាអ្នកស្តាប់ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៥ ធ្នូថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺជាយុទ្ធសាស្ត្របំបែកបំបាក់របស់លោក ហ៊ុន សែន ដែលនៅពីក្រោយនៃការប្រកាសថា ចង់លើកស្ទួយលទ្ធិប្រជាធិបតេយ្យ នីតីរដ្ឋ និងបង្រួបបង្រួមជាតិ។
លោកអំពាវនាវឲ្យសមាជិករបស់គណបក្សសង្គ្រោះជាតិទាំងអស់រួបរួមគ្នាជាធ្លុងមួយ ដើម្បីសង្រ្គោះបក្ស និងជាតិ។ លោក សម រង្សី ក៏បញ្ជាក់ដែរថា គ្មាននរណាអាចបំបែកលោកពីលោក កឹម សុខា បានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។